កាត់ឆ្វៀលដីផ្លូវសាធារណៈចេញប្លង់រឹងឱ្យគេហើយ ទើបឆ្លើយដាក់គ្នាថា អត់ដឹង អត់ច្បាស់ នៅស្រុកកំពង់ត្របែក(មានVideo)
ព្រៃវែង៖ ប្រជាពលរដ្ឋជាច្រើននាក់នាំគ្នា ផ្ដិតមេដៃប្រឆាំងតវ៉ាចំពោះសុរិយោដីស្រុកកំពង់ត្របែកដែលបានចេញប្លង់រឹងគ្របលើដីផ្លូវសាធារណៈឲ្យទៅបុគ្គល១គ្រួសារ។ នេះបើតាមប្រភដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។
ប្រភពបានបន្តថា ដីផ្លូវសាធារណៈដែលកំពុងមានទំនាស់ខាងលើ ស្ថិតនៅចំណុចព្រំប្រទល់ រវាងភូមិខ្លំ និងភូមិអន្លង់ចក ក្នុងភូមិអន្លង់ចក ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ទាក់ទិនករណីខាងលើ លោក ម៉ម ហេង មេភូមិអន្លង់ចក បានទទួលស្គាល់ថា ដីនេះពីមុនមក គឺពិតជាដីផ្លូវសាធារណៈ របស់រដ្ឋប្រាកដមែន ប៉ុន្តែឥឡូវលែងជាដីផ្លូវទៀតហើយ។
បើយោងលិខិតបញ្ជាក់របស់ពលរដ្ឋចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ អមដោយស្នាមមេដៃជិត១០០នាក់បានអះអាងថាដីផ្លូវត្រង់ចំណុចព្រំប្រទល់រវាងភូមិខ្លំ និងភូមិអន្លង់ចក ក្នុងភូមិអន្លង់ចក ឃុំកំពង់ត្របែក ដែលមានព្រំប្រទល់ខាងលិចទល់ ផ្លូវលំមាត់ទន្លេ, ខាងកើតទល់ ដីស្រែកសិក,ខាងជើងទល់ នួន ខេមរា និងប៊ុន មុំ+ប៊ុន ចន្នី,ខាងត្បូងទល់ ប្រឡាយទឹក គឺពិតជាដីផ្លូវសាធារណៈ របស់រដ្ឋប្រាកដមែន ដែលពួកគាត់ តែងតែធ្វើដំណើរទៅមក និងដឹកកសិផល តាំងពីដូនតាមកម្ល៉េះ។
ប្រភពបានឱ្យដឹងទៀតថា ប្រជាពលរដ្ឋបានសម្ដែងការសោកស្ដាយនិងហួសចិត្តបំផុត ក្រោយដឹងថា អាជ្ញាធរឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក រួមនិងមន្ត្រីជំនាញស្រុកកំពង់ត្របែក ត្រូវគ្នាជាមួយបុគ្គលមានលុយ វាស់កាត់បញ្ចូលដីផ្លូវ ឱ្យក្លាយជាកម្មសិទ្ធឯកជន រហូតចេញប្លង់រឹងឱ្យឈ្មោះ នួន ខេមរា និង ប៊ុន មុំ ដែលជាហេតុនាំឱ្យមន្ត្រីប៉ូលិសឈ្មោះ នួន ខេមរា និងប្រពន្ធឈ្មោះ ប៊ុន មុំ ដែលជាអ្នកទទួលបានប្លង់រឹងមកដាំបង្គោលថ្ម តាមគំនូសប្លង់វាទទីយកដីផ្លូវសាធារណៈទាំងស្រុង។
ទាក់ទិនករណីខាងលើនេះ ប្រជាពលរដ្ឋបានសួរទៅឈ្មោះ នួន ខេមរា ថា ហេតុអ្វីបានជាមកដាំបង្គោលរំលោភយកផ្លូវបែបនេះ? ស្រាប់តែឈ្មោះ នួន ខេមរា ប្រាប់គាត់វិញថា គាត់ដាំបង្គោលតាមប្លង់រឹង ដែលមន្ទីរសុរិយោដី ខេត្តព្រៃវែង ទើបនឹងចេញឱ្យខ្លួន។
ទាក់ទិនករណីខាងលើនេះដែរ នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ លោក នួន ខេមរា ម្ចាស់ប្លង់រឹងនិងជាបុគ្គលដែលរងការចោទប្រកាន់បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ដីនោះ ជាដីកេរ្តិ៍ ពីឪពុកគាត់ ដោយកន្លងមក ប្រឡាយទឹកហូរច្រោះដាច់ដី ទើបអ្នកភូមិដើរ វាងមកខាងដីរបស់គាត់ រហូតយល់ច្រឡំថាដីគាត់ជាដីផ្លូវ។ លោកបន្តអះអាងថា លោកទើបនឹងទទួលបានប្លង់រឹងពីមន្ទីរសុរិយោដី ខេត្តព្រៃវែង ថ្មីៗនេះទេ។
ទាក់ទិនករណីនេះទៀត លោក ម៉ម ហេង មេភូមិអន្លង់ចក បានថ្លែងទទួលស្គាល់ថា ដីនេះពីមុនមក គឺពិតជាដីផ្លូវសាធារណៈរបស់រដ្ឋប្រាកដមែន ប៉ុន្តែឥឡូវផ្សេង វាលែងជាដីផ្លូវទៀតហើយ។លោកបន្តថា មូលហេតុដែលដីផ្លូវ ក្លាយជាកម្មសិទ្ធឯកជនបែបនេះ មកពីថ្ងៃវាស់វែង លោករវល់ មិនបានទៅចូលរួមវាស់ជាមួយគេ។លោកបន្តថា មន្ត្រីសុរិយោដីស្រុកកំពង់ត្របែក វាស់ទៅតាមការចង្អុលបង្ហាញពីឈ្មោះ នួន ខេមរា និងប្រពន្ធឈ្មោះ ប៊ុន មុំ ដែលមានដីនៅជាប់ និងជាម្ចាស់ប្លង់រឹងបច្ចុប្បន្ន។
បើតាមលោក ជា សាខន មេឃុំកំពង់ត្របែកបានឲ្យអ្នកសារព័ត៌មានដឹងថា លោកមិនច្បាស់ទេថា គេកំណត់យកខាងណា ធ្វើជាគោល សម្រាប់វាស់វែង គ្រាន់តែលោកដឹងថា គេទុក៦ម៉ែត្រ សម្រាប់ផ្លូវដើរ រួមនិងផ្លូវទឹក។ លោក ជា សាខន បន្តថា ពិបាកណាស់ព្រោះប្លង់រឹងចេញរួចហើយ ខណៈពេលបិទផ្សាយ អត់មានអ្នកតវ៉ាសោះ។
ប្រភពពីលោក ង៉ោ លឹមជីវ ប្រធានការិយាល័យ រៀបចំដែនដី នគរូបនីយកម្ម សំណង់សុរិយោដី និងភូមិបាលស្រុកកំពង់ត្របែក បានលើកឡើងថា ខ្ញុំមិនច្បាស់ទេ ដោយរុញឱ្យទៅសួរលោកមេឃុំជំនួស!ឮ។លោកបញ្ជាក់ប្រាប់ថា មន្ត្រីសុរិយោដី គ្មានសិទ្ធអ្វីទេ គ្រាន់តែវាស់វែង តាមការចង្អុលបង្ហាញ ពីអាជ្ញាធរមូលដ្ឋានប៉ុណ្ណោះ។
បើតាមលោក យ៉ាវ សានិន អភិបាលស្រុកកំពង់ត្របែក បានថ្លែងថាលោកមិនច្បាស់ទេ សូមសួរទៅលោកមេភូមិ និងមេឃុំ ទើបច្បាស់។ លោកបន្តថា បើលោកមេភូមិថា ដីនោះជាដីផ្លូវ គឺផ្លូវហើយព្រោះមេភូមិ គាត់នៅមូលដ្ឋានគាត់ច្បាស់ជាងគេ៕ ដោយ៖ ការីនិពន្ធ