រដ្ឋមន្ត្រីក្រសួង​ព័ត៌មានប្រកាសសួ​ររក​មុខ អ្នកណាឱ្យយោបល់ VOD ដែល​ជៀសវាង​មិនប្រើពាក្យ «សូមទោស» ទើបនាំដល់ការបញ្ចប់​អាជ្ញាប័ណ្ណដូច្នេះ

ភ្នំពេញ៖ នៅយប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រេច​បញ្ចប់​អាជ្ញាបណ្ណវិទ្យុសំឡេង​ប្រជាធិបតេយ្យ VOD រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ បានប្រកាសសួ​ររក​មុខ អ្នកណា ជាអ្នកឱ្យយោបល់ VOD ដែល​ជៀសវាង​មិនប្រើពាក្យ «សូមទោស» ទើបនាំដល់ការបញ្ចប់​អាជ្ញាប័ណ្ណដូច្នេះ។

នៅលើហ្វេសប៊ុកផ្លូវការ ឯកឧត្តមរដ្ឋមន្ត្រី ខៀវ កាញារីទ្ធ លើកឡើងថា «តំណក់ចុងក្រោយ ដែលធ្វើឱ្យ​ទឹក​ហៀរចេញពីធុង! មិនដឹង​អ្នកណា ជាអ្នក​ឱ្យ​យោចល់​ VOD! តែមានតែស្ថានទូតទេ ដែលប្រឹងចៀសមិន​ប្រើពាក្យ «សូមទោស»! ស្ថាប័ន​កាសែតប្រើភាសាទូត ទោះចង់​ជួយ​ ក៏ពិតជាយ៉ាប់ហើយ» តែក៏ជាមេរៀនដល់ស្ថាប័ន​ផ្សព្វផ្សាយព័ត៌មានឯទៀតដែរ។ ស្ថាប័ន ដែល​មិនព្រម​ចុះការបំភ្លឺរបស់គេ អាចប្រឈមនឹងការដកអាជ្ញាបណ្ណដូច​គ្នា!»​។

សូមរម្លឹកថា នៅយប់ថ្ងៃទី១២ ខែកុម្ភៈនេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចបិទការផ្សាយ​របស់​វិទ្យុ​ VOD ត្រឹមម៉ោង ១០ព្រឹក ថ្ងៃចន្ទ ទី១៣ ខែកុម្ភៈស្អែកនេះ​ ជាកំហិត​។ ការសម្រេចដូច្នេះ បន្ទាប់ពីវិទ្យុ VOD ចេញសេចក្តីថ្លែងការណ៍ ពាក់ព័ន្ធនឹងព័ត៌មានអំពី​ជំនួយរបស់កម្ពុជា ដល់​តួកគី​។

នៅលើហ្វេសប៊ុកផ្លូវការ សម្តេចតេជោ ហ៊ុន សែន បានសរសេរថា «តើការប្រើពាក្យសោកស្តាយ និងសូមអធ្យាស្រ័យ វាជំនួសឲ្យពាក្យសុំទោសបានដែរ ឬទេ? សម្រាប់ខ្ញុំ មិនអាចទទួលយក​បានឡើយ។ តើការបកស្រាយបំភ្លឺនៅទីនេះ មានចេតនាទម្លាក់កំហុសឲ្យមន្ត្រីរាជរដ្ឋាភិបាល​មែនទេ? ទុកជូនឯកឧត្តម ផៃ ស៊ីផាន ពិនិត្យលទ្ធភាព ប្តឹងទៅតុលាការ»។

សម្តេចតេជោបន្តថា «ខ្ញុំកាន់តំណែងក្នុងរដ្ឋរយៈពេលជាង ៤៤ឆ្នាំហើយ ក្នុងនោះ តំណែងនាយករដ្ឋមន្ត្រីរយៈពេលជាង ៣៨ឆ្នាំ ខ្ញុំពិតជាយល់ដឹងល្មមគ្រប់គ្រាន់នូវពាក្យពេចន៍ ដែលត្រូវបានប្រើរាប់ទាំងពាក្យសំដីវាគ្មិនមួយចំនួន ដែលចូលមកសម្ភាស ក្នុងរឿងផ្លូវច្បាប់ទាក់​ទង​ដល់ការផ្តល់ជំនួយដល់ប្រទេសទួកគី ដែលវាគ្មិនខ្លះ ព្យាយាមវាយទាំងឪ វាយទាំងកូន ដែលកូននោះ គឺ ហ៊ុន ម៉ាណែត ដែលគាត់ពុំបានដឹងរឿងអ្វីសោះ។ តើនេះឬ ជាវិជ្ជាជីវៈ ដែលអស់លោក ចង់ផ្សាយដោយអចេតនានោះ?»។

សម្តេចតេជោបន្តទៀតថា «ដើម្បីកុំឲ្យវែងឆ្ងាយ ខ្ញុំសម្រេចមិនទទួលយកការសំដែង​ការសោកស្តាយ និងសូមការអធ្យាស្រ័យ ជំនួសឲ្យការសុំទោសរបស់អស់លោក ដែលជា​សេចក្តីថ្លៃថ្នូរ និងកិត្តិយសរបស់អស់លោកនោះឡើយ។ ក្នុងនាមរាជរដ្ឋាភិបាល ដែលត្រូវការពារ​កិត្តិយសរបស់ខ្លួន ខ្ញុំសម្រេចបញ្ចប់រឿងនេះ ដោយឲ្យក្រសួងព័ត៌មានលុបចោលអាជ្ញាប័ណ្ណ​​វិទ្យុវីអូឌី (VOD) ចាប់ពីពេលនេះតទៅ និងត្រូវបញ្ចប់ការផ្សាយ នៅត្រឹមម៉ោង 10.00នាទី ថ្ងៃ១៣ កុម្ភះ ២០២៣ ជាកំហិត»។

សម្តេចបន្ថែមថា «សូមសាលារាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធ ​ជួយ​ការពារ​សណ្តាប់ធ្នាប់ និងទ្រព្យសម្បត្តិនៃវិទ្យុនេះ ឲ្យបានគង់វង្ស។ យើងបិទតែការផ្សាយគ្រប់ប្រភេទ​នៃវិទ្យុនេះប៉ុណ្ណោះ តែយើងមិនប៉ះពាល់ទ្រព្យសម្បត្តិរបស់គេទេ។ សូមមិត្តភក្តិបរទេស ដែលផ្តល់លុយឲ្យវិទ្យុនេះ បង្វិលលុយទៅប្រទេសវិញ ឬជួយទៅប្រទេសផ្សេង។ សូមបុគ្គលិក ដែលធ្វើការនៅវិទ្យុនេះ ស្វែងរកការងារធ្វើនៅកន្លែងផ្សេងទៀត»៕

អត្ថបទដែលជាប់ទាក់ទង